01-សីហា-2024 - ម៉ោង 10:36:AM
កណ្តាល៖ ទ្បើងកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាលមិនទាន់បានប៉ុន្មានផង របស់លោក សំ កុសល ធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាល គ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម ប្រហែលជាអស់លុយច្រើនហើយមើលទៅ បានជាពេលនេះ ប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុករលួយ ដើម្បីស្រង់ដើមនិងប្រមូលលុយចូលហោប៉ៅវិញលឿនៗបែបនេះ ដោយ មិនញញើតខ្លាចចំពោះអង្គភាពប្រឆាំងអំពើពុករលួយបែបនេះ ។ហើយថ្មីៗនេះ មានដាក់បន្ថែមគោលដៅត្រួតពិនត្យចល័តតាមផ្លូវជាតិលេខ២ ជិតបង្គោលគីឡូលេខ២៩ និងគោលផ្សេងទៀតក្នុងភូមិសាស្រ្តនៃខេត្តកណ្តាល ។
តាមប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលមួយចំនួនបានលួចបង្ហើបឲ្យសារព័ត៌មានយើងដឹងថា លោក សំ កុសល មិនត្រឹមតែមិនចាត់វិធាន ក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តកណ្ដាលទេ តែថែមទាំងបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញទាំងនោះទៀតផង ប្រហែលជាលោកចំណាយលុយទិញដំណែងអស់ច្រើនពេកទេដឹង ដើម្បីបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល ទើបបានជាលោកខំប្រឹងដើម្បីប្រមូលវិញ តាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីអ្នកដែលកៀកស្និតជាមួយលោក សំ កុសល បានលួចបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល លោក សំ កុសល បានប្រើក្បាច់គៀបក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់បណ្តាផ្លូវចូលមកក្រុងភ្នំពេញ និងផ្លូវជាតិផ្សេងៗទៀតមិនឲ្យរួចខ្លួនឡើយ ព្រោះវាជាប្រភពចំណូលរបស់លោក ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្ដាល បានឲ្យដឹងថា ចំពោះចំណាត់ការណាមួយទៅលើក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ គឺលោកមិនបានចាត់ការបានមួយករណីណានៅឡើយ គឺមានតែជួយសម្រួលឲ្យក្រុមឈ្មួញទាំងនោះដឹកទំនិញទៅដល់គោលដៅប្រកបដោយសុខសុវត្ថិភាពថែមទៀត។
ប្រភពដដែលបានឲ្យដឹងបន្ថែមថា ចំណែកនៅច្រកជ្រៃធំ និងច្រកផ្សេងទៀត ពួកក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ចូលបានយ៉ាងរលូន។
ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលបានលួចបង្ហើបឲ្យដឹងបន្ថែមថា ក្រុមឈ្មួញរកស៊ីធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ គឺសុទ្ធតែមានទំនាក់ទំនងស្អិតរមួតជាមួយលោកមេគយថ្មីនេះ ដើម្បីឲ្យការនាំទំនិញរបស់ពួកគេបានដល់គោលដៅលឿន។
លើសនេះទៅទៀតលោក សំ កុសល បានបើកដៃឲ្យក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ចុះគាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ឆ្លងខេត្តកណ្ដាលស្រេចតែអំពើចិត្ត ទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយយ៉ាងណាក៏ដោយ។
ជុំវិញករណីខាងលើនេះសូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមលោកទាំង២កុំបណ្ដែតបណ្ដោយឲ្យលោក សំ កុសលប្រធានសាខាគយខេត្តកណ្ដាល ធ្វើអ្វីៗតាមអំពើចិត្តបែបនេះ ព្រោះថារាជរដ្ឋាភិបាលដំណាក់កាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានខិតខំប្រឹងប្រែងណាស់ ក្នុងការគៀងគរវិនិយោគពីគ្រប់ទិសទីទាំងក្នុងស្រុកនិងក្រៅស្រុក ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ជាតិ ជីវភាពប្រជាជន និងប្រទេសទាំងមូលមានការីចចម្រើនជឿនលឿន ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ កុំព្រោះតែបុគ្គលម្នាក់ធ្វើឲ្យរាំងស្ទះដល់ដំណើរការកសាងសេដ្ឋកិច្ចជាតិ ។
ចំពោះករណីខាងលើនេះ ក៏សូមស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ “ACU’’មេត្តាលោកចុះពិនិត្យតាមដានស្រាវជ្រាវ ស៉ើបអង្គេត និងចាត់វិធានការលើករណីនេះឲ្យបានតឹងរឹងបំផុតកុំឲ្យជនឆ្លៀតឱកាសធ្វើអ្វីបានតាមតែអំពើចិត្តបែបនេះតទៅទៀត៕