28-មិថុនា-2021 - ម៉ោង 10:45:AM
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញនូវគម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា”នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដែលទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការអនុវវត្តសាកល្បងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រាប់វគ្គទី១ គឺចាប់ពីឆ្នាំ២០១៦ -២០១៨ និងវគ្គទី២ ពីឆ្នាំ២០២០-២០២១ នៅខេត្តគោលដៅចំនួន ៣ គឺខេត្តតាកែវ ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។
ចំពោះគោលបំណងនៃការសិក្សាស្រាវជ្រាវដើម្បីស្វែងរកគំរូចិញ្ចឹមមាន់ជាលក្ខណគ្រួសារសមស្របមួយសំដៅលើនិរន្តរភាពផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ដែលអាចឱ្យកសិករចាប់យករបរចិញ្ចឹមមាន់ពូជក្នុងស្រុកជាអាជីពគ្រឹះរឹងមាំមួយសម្រាប់លើកកម្ពស់កម្រិតជីវភាពឲ្យបានល្អប្រសើរ តាមរយៈការអនុវត្តបច្ចេកទេសបង្ហាញសាមញ្ញ និងសមស្របមួយក្នុងបរិបទនៃការប្រែ ប្រួលអាកាសធាតុ។
ក្រៅពីជួយបណ្តុះបណ្តាលបច្ចេកទេសអំពីការចិញ្ចឹម ការផ្តល់ និងផ្សំចំណី ការថែទាំ ការបង្ការ និងការពារជំងឺសត្វ ការគ្រប់គ្រងផលិតកម្ម-សេវាកម្មសុខភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លើសពីនេះ គម្រោងបានផ្តល់ពូជមាន់ចំនួន ៨៤ក្បាល (មេ ៧២) ទូភ្ញាស់ ០១គ្រឿង ទ្រុងមួយខ្នង និងឧបករណ៍-សម្ភារៈមួយ ចំនួនទៀតសរុបថវិកាប្រមាណ១០លានរៀល/គ្រួសារ។
ចំពោះលទ្ឋផលទទួលបានកន្លងមក៖
១. សាកល្បងអនុវត្តចិញ្ចឹមមាន់បង្ហាញ-មាន់ពូជក្នុងស្រុកបានចំនួន៤៥កន្លែង (ចំនួន១៥ កន្លែង/ខេត្ត) និងបន្តពង្រីកចំនួន១៥កន្លែងទៀតនាឆ្នាំ២០២១ (៥កន្លែង/ខេត្ត)។
២. ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន កសិករចំនួន ៨៩% (៤០គ្រួសារ/៤៥គ្រួសារ) នៅបន្តដំណើរការចិញ្ចឹមមាន់។
– ប្រាក់ចំណេញចាប់ពី ៣៧៥ ០០០-១២ ៧៥០ ០០០រៀល/ខែ (ចំនួននេះអាស្រ័យលើការយកចិត្តទុកដាក់ចិញ្ចឹម-ថែទាំ ការផ្សំចំណី និងការពង្រីកផលិតកម្ម)។
សូមជម្រាបឲ្យដឹងថា ក្នុងការចិញ្ចឹមមាន់ ក៏កសិករជោគជ័យដែលទទួលប្រាក់ចំណេញគួរកត់សម្គាល់នៅក្នុងខេត្តតាកែវ១នាក់គឺលោកស្រី កន ភិរម្យ បច្ចុប្បន្នពង្រីកបានមេមាន់ចំនួន៩៣ក្បាល បា-១៥ក្បាល ផលិតកូនមាន់បាន១៥០០ក្បាល/ខែ មានមាន់សាច់៥០០ក្បាល។ លោកស្រី កន ភីរម្យ នៅបានប្រមូល-ចងក្រងបណ្តុំអ្នកផលិតស៊ុត-ភ្ញាស់កូនមាន់ពូជ មានសមាជិកច្រើនជាង៨០គ្រួសារ ដែលរកប្រាក់ចំណេញសរុបប្រមាណ ១២ ៧៥០ ០០០រៀល/ខែ៕