2 ម៉ោងមុន
អន្តរជាតិ៖ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃចន្ទ ទី១៩ ខែមករា បានប្រកាសពីការរកឃើញឧស្ម័នធម្មជាតិនៅឯអណ្ដូងឧស្ម័នមួយស្ថិតនៅជិតតំបន់រុករកឧស្ម័ន ដែលមានស្រាប់ឈ្មោះថា Malampaya នៃកោះ Palawan ហើយដែលនេះជាការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ហ្វីលីពីន ក្នុងពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមលោក Marcos អណ្តូងឧស្ម័នខាងលើមានឈ្មោះថា Malampaya East One ឬ MAE-1 ត្រូវបានវាយតម្លៃថាមានស្ដុកឧស្ម័នប្រហែល ២.៧៧ពាន់លានម៉ែត្រគូប ដែលប្រហាក់ហែលនឹងថាមពលអគ្គិសនី ១៤ពាន់លានគីឡូវ៉ាត់ម៉ោងនៅក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា MAE-1 ស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រពីភាគខាងកើតនៃតំបន់រុករកឧស្ម័ន Malampaya ដែលជាគម្រោងរុករកប្រភពឧស្ម័នធម្មជាតិក្នុងស្រុកតែមួយគត់របស់ហ្វីលីពីន។ គម្រោងនេះដែរត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនចំនួន៣៨ ក្នុងនោះរួមមាន Prime Energy, UC38, PNOC Exploration Corporation និង Prime Oil and Gas Inc៕

