2 ម៉ោងមុន
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា កម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអត្តពលិកចូលរួមច្រើនជាងគេ។

ការគូសបញ្ជាក់នេះ បន្ទាប់ពី NOCC បានរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ខួបលើកទី៣០ ដោយជោគជ័យ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១៦,០០០នាក់ មកពី ៨៦ប្រទេស ដែលជាតួរលេខដ៏ច្រើនបំផុតក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកថា នេះគឺជាជោគជ័យដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដោយឆ្នាំមុន សម្ដេចបានផ្ដល់កិត្តិយអញ្ជើញចូលរួម ហើយឆ្នាំនេះ សម្ដេចបានចាត់តំណាងដ៏ខ្ពង់ខ្ពស់ចូលរួម រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប ក្រោមកិច្ចសហការយ៉ាងល្អពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏ដូចជាអង្គការបេះដូងមាស ដែលជាដៃគូរួមគ្នារៀបចំព្រឹត្តិការណ៍នេះរយៈពេល ៣០ឆ្នាំកន្លងមក។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង និងម៉ារ៉ាតុង លើពិភពលោកមានច្រើន តែសម្រាប់ការរៀបចំនៅតំបន់បេតិកភណ្ឌបែបនេះ មានប្រមាណ ២ ទៅ ៣ប្រទេសប៉ុណ្ណោះ ក្នុងនោះកម្ពុជា គឺជាប្រទេសជាប់លេខ១ ក្នុងការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់អង្គរដែលមានបរិយាកាស និងតំបន់បេតិកណ្ឌ តាមផ្លូវរត់ ហើយមានអ្នកចូលរួមរត់ច្រើនជាងគេ។
ផ្អែកលើកត្ដាសុខសុវត្ថិភាពតាមផ្លូវការ ពិសេសកត្ដាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលបានផ្តល់នូវភាពកក់ក្ដៅដល់អត្តពលិកមកពីជុំវិញពិភពលោក ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយដ៏ល្អរបស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នេះដែរ លោករំពឹងថា ឆ្នាំបន្ដបន្ទាប់ទៀត ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត នឹងមានអ្នកចូលរួមរត់កាន់តែច្រើនថែមទៀត។ លោក វ៉ាត់ ចំរើន បន្ថែម។
គួរដឹងថា ក្នុងចំណោមអត្តពលិកសរុប ដែលចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី៣០ ឆ្នាំ២០២៥ កាលពីចុងសប្ដាហ៍កន្លងទៅ គឺមានបរទេស ៣,៣៦២នាក់ មកពី ៨៦ប្រទេស ក្នុងនោះប្រទេសចូលរួមរត់ច្រើនជាងគេមាន អង់គ្លេស បារាំង អូស្ដ្រាលី អាមេរិក និងជប៉ុន។ ចំពោះលទ្ធផល សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្របុរស លេខ១ បានទៅកីឡាករជប៉ុន Saeki Makino, លេខ២ កីឡាករកម្ពុជា អ៊ុក រូហ៊ីត និងលេខ៣ កីឡាករបារាំង Alexis Garod ។ រីឯផ្នែកផ្នែកនារី លេខ១ បានទៅកីឡាការិនីជប៉ុន Ota Natsuku, លេខ២ កីឡាការិនីប៊ែលហ្ស៊ិក Kristien Loonjens និងលេខ៣ កីឡាការិនីកម្ពុជា មួយ ងីម ។ ក្រៅពីនេះ ក៏មានជ័យលាភីជនមានពិការភាព ព្រមទាំងវិញ្ញាសារត់ចម្ងាយ ១០គឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រផងដែរ៕


