2 ម៉ោងមុន
តាកែវ៖ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់រដ្ឋបាលឃុំ/សង្កាត់» ដែលមានការចូលរួមពី លោកស្រី អភិបាលរងខេត្តតាកែវ លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានស្តារសម្បទា ប្រធាន អនុប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរ ស.អ.យ. គ្រូបង្គោល មេឃុំ ចៅសង្កាត់ និងជនបង្គោលសរុបប្រមាណ២០០នាក់ នៅសាលប្រជុំសាលាខេត្តតាកែវ។

ថ្លែងនៅក្នុងឱកាសនោះលោក សែម សុខា បានបញ្ជាក់ថា ការផ្តល់បណ្ណសម្គាល់ជនមានពិការភាពធ្វើឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ ពីវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះលោកស្រី ស៊ាន ប៉ូលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឱ្យដឹងថា៖ «គិតមកដល់ឆ្នាំ២០២៦ ក្រសួងបានកំណត់អត្តសញ្ញាណកម្មពិការភាពជូនជនមានពិការភាពសរុបចំនួន ៣៥៨,៣២១នាក់ ស្ត្រីចំនួន ១៧៥,៤៧២នាក់ និងបានផ្តល់ប័ណ្ណសំគាល់ជនមានពិការភាពជូនជនមានពិការភាពចំនួន ៣០១,២៩៥ ប័ណ្ណ ស្ត្រីចំនួន ១៤៦,៦៥៦នាក់ នៅទូទំាង២៥រាជធានីខេត្ត»។
ជុំវិញការផ្តល់ប័ណ្ណសំគាល់ជនមានពិការភាពក្នុងខេត្តតាកែវ លោកស្រី ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្ត បានបញ្ជាក់ឱ្យដឹងផងដែរថា ខេត្តបានកំណត់អត្តសញ្ញាណកម្មពិការភាពជូនជនមានពិការភាពសរុបចំនួន ២៤,៩៤៥នាក់ ស្ត្រីចំនួន ១២,៤៤២នាក់ និងបានប្រគល់ប័ណ្ណសម្គាល់ជនមានពិការភាពជូនជនមានពិការភាពចំនួន ២២,៣៣១ ប័ណ្ណ ស្ត្រីចំនួន ១,១០៧២ ប័ណ្ណ។
សូមជម្រាបថា បណ្ណសម្គាល់ជនមានពិការភាព សំដៅដល់ប័ណ្ណដែលផ្តល់ជូនជនមានពិការភាព ដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះជនមានពិការភាពទាំងឡាយណា ដែលបានចូលរួម និងវាយតម្លៃ តាមរយៈអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។
អត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណសំគាល់ជនមានពិការភាពរួមមានដូចជា៖
- ជំនួយសង្គម៖ ជនមានពិការភាពក្នុងគ្រួសារមានប័ណ្ណសមធម៌ អាចចុះឈ្មោះចូលកម្មវិធី ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។
- សេវាស្តារលទ្ធភាពពលកម្ម៖ ទទួលបានសេវាស្តារកាយសម្បទាដោយឥតគិតថ្លៃ នៅតាមមជ្ឈមណ្ឌល និងរោងជាងសរុប ១៥កន្លែង ទូទាំងប្រទេស។
- ឱកាសការងារ៖ ទទួលបានអាទិភាពចូលបម្រើការងារ ក្នុងស្ថាប័នរដ្ឋ (អត្រា ២%) និងវិស័យឯកជន (អត្រា ១%)។
- បណ្តុះបណ្តាលវិជ្ជាជីវៈ៖ អាចរៀនជំនាញបច្ចេកទេសឥតគិតថ្លៃ តាមរយៈកម្មវិធី TVET របស់រាជរដ្ឋាភិបាល។
- អត្ថប្រយោជន៍ និងសេវាផ្សេងៗប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ដើម្បីទទួលបានប័ណ្ណសម្គាល់ជនមានពិការភាព៖
- ឯកសារត្រូវរៀបចំ យកទៅសាលាឃុំ សង្កាត់៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ព្រមទាំងបណ្ណសមធម៌ និងលិខិតបញ្ជាក់សុខភាពពីពេទ្យ បើមាន។
- ដំណើរការស្នើសុំ មាន ៣ ជំហាន៖
ជំហានទី១ - ថ្នាក់ឃុំ/សង្កាត់៖ មន្ត្រីធ្វើការសម្ភាស ថតរូបសាមីខ្លួន និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ រួចបញ្ជូនបន្តទៅមន្ទីរ។
ជំហានទី២ - ថ្នាក់មន្ទីរខេត្ត៖ មន្ទីរសង្គមកិច្ចពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ បើត្រឹមត្រូវនឹងបញ្ជូនបន្តទៅក្រសួង។
ជំហានទី៣ - ថ្នាក់ក្រសួង៖ ក្រសួងសង្គមកិច្ចពិនិត្យចុងក្រោយ រួចធ្វើការបោះពុម្ពប័ណ្ណ និងបញ្ជូនត្រឡប់មកឱ្យមន្ទីរវិញដើម្បីចែកជូន។
ហើយរាល់កំហុសទិន្នន័យ ក្រសួងសង្គមកិច្ចនឹងបញ្ជូនមកឃុំ/សង្កាត់វិញដើម្បីកែតម្រូវ)៕





