3 ម៉ោងមុន
អូររាំងឪ ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ដោយបានការអនុញ្ញាតតំណាងដ៍ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជេីញជាអធិបតី ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមប្រធានបទ«ស្ត្រីដេីម្បីបរិស្ថានស្អាត» ក្រោមកិច្ចសហការរៀបចំឡេីងដោយ អង្គការចីរភាពបរិស្ថានកម្ពុជា និងរដ្ឋបាលស្រុកអូររាំងឪ ព្រមទាំងមានការចូលរួមពីមន្រ្ដីរាជកា មេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាវិទ្យល័យ ហ៊ុន សែន អូររាំងឪ សរុបចំនួន ៥៤៧នាក់ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសយុទ្ធនាការ «កម្ពុជាស្អាត ខែ្មរធ្វើបាន» ក្រោមប្រធានបទ «ស្រ្ដីដេីម្បីបរិស្ថានស្អាត» ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលេីកឡេីងថា ការរៀបចំនាពេលនេះ គឺស្របទៅជាមួយការអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ដែលគ្រប់គ្នានៅលេីសកលលោកបានដឹងថា ជាការលេីកកម្ពស់សិទ្ធិរបស់ស្រ្តី ដែលបានបង្ហាញឱ្យឃេីញថា ស្រ្ដីជាផ្នែកមួយដ៏មានសារ:សំខាន់ ក្នុងការចូលរួមចំណែកការពារ និងអភិវឌ្ឍន៍បរិស្ថាននៅកម្ពុជា និងជាសកល។ ឯកឧត្ដម ក៏បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា និងលោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ ដែលបានផ្ដួចផ្ដើមគំនិត ជម្រុញលេីការកសាងគំនិត ស្រលាញ់ ការពារ និងអភិវឌ្ឍន៍បរិស្ថាន ក្នុងស្រុកអូររាំងឪ ដេីម្បីភាពស្អាត ព្រមទាំងជាការចូលរួមកាត់បន្ថយលេីផលប៉ះពាល់ ដោយប្លាស្ទិក។
ក្រោយពីបានបិទបញ្ចប់ ឯកឧត្ដម ង៉ូវ បូរីណា បាននាំយកថវិកាចំនួន ១លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ប្រគល់ជូនដល់សាលាវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ព្រមទាំងប្រគល់បាច់ផ្កាអនុស្សាវរីយ៍ជូនដល់ស្រ្ដី ដេីម្បីអបអរសាទរ ទិវានារីអន្តរជាតិ លេីកទី១១៥ ហេីយ ឯកឧត្ដម ង៉ូវ បូរីណា បានដឹកនាំមន្រ្ដីរាជការ សិស្សានុសិស្ស និងសមាជិកអង្គភាពចីរភាពបរិស្ថានកម្ពុជា ធ្វើចលនាប្រមូលសំអាតសំណល់សំរាម តាមដងផ្លូវជាតិ និងជុំវិញបរិវេណផ្សារអូររាំងឪផងដែរ៕





