3 ម៉ោងមុន
តាកែវ៖ ក្នុងឱកាសចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលរៀបចំធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងនូវសារដាស់តឿន និងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់ស្ត្រីខ្មែរគ្រប់រូប ឱ្យបន្តដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំ ទាំងក្នុងកិច្ចការសង្គម និងការអប់រំគ្រួសារ។

លោកបានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាបានបើកចំហរទ្វារឱកាសយ៉ាងទូលំទូលាយបំផុត ដើម្បីឱ្យស្ត្រីអាចបញ្ចេញសមត្ថភាព ចំណេះដឹង និងទេពកោសល្យរបស់ខ្លួនលើគ្រប់វិស័យ មិនថាការងារសង្គម សេដ្ឋកិច្ច ឬនយោបាយឡើយ។ ស្ត្រីខ្មែរគ្រប់រូបត្រូវបានជំរុញឱ្យមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពឱ្យទាន់សកលភាវូបនីយកម្ម ដើម្បីក្លាយជាធនធានដ៏មានតម្លៃដែលមិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ។
លោកបានរំលឹកពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ស្ត្រីក្នុងនាមជាមាតា ដែលមិនត្រឹមតែជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេ ប៉ុន្តែគឺជាវិស្វករនៃព្រលឹងវិញ្ញាណ ក្នុងការផ្ដល់ការអប់រំ និងបណ្ដុះស្មារតីសន្តិភាពចាប់ផ្ដើមពីក្នុងគ្រួសារ។ តាមរយៈការរក្សាតម្លៃថ្លៃថ្នូរ និងការអប់រំដ៏ល្អបវរ ស្ត្រីគឺជាអ្នកបន្តវេនក្នុងការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ឱ្យរៀនសូត្រតាមគំរូវីរភាព ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
ជាចុងក្រោយ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីដែលមានសមត្ថភាព និងគុណធម៌ គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ គ្រប់ភាគីទាំងអស់ត្រូវបន្តផ្ដល់តម្លៃ និងគាំទ្រដល់ស្ត្រី ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់សិទ្ធិ និងសេរីភាពបានពេញលេញ ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល៕


