4 ម៉ោងមុន
ភ្នំពេញ៖តបតាមសំណូមពររបស់អាជីវករលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះមកពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារឯកជនមួយ ឈ្មោះថា «ផ្សារតាម៉ាប់ព្រែកជ្រៃ» ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់អាជីវករ ដែលចង់ផ្លាស់ប្ដូរពីការលក់គ្មាន សណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគ ទៅលក់ដូរនៅទីតាំងនោះវិញ។
ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ លោកអភិបាលរាជធានីភ្នំពេញ បានពិភាក្សាដោយមនោសញ្ចេតនាខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាពតាមលក្ខខណ្ឌមួយចំនួន។ លោកអភិបាលបានផ្តល់ការធានាអះអាង ក្នុងការជួយរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន នៅជុំវិញផ្សារតាម៉ាប់ព្រែកជ្រៃ រួមមាន៖
១/ធ្វើការជួសជុលផ្លូវ និងបំពាក់បន្ថែមអំពូលភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវ២១៧
២/ សហការជាមួយម្ចាស់ផ្សារតំឡើងអំពូលភ្លើងតាមច្រកផ្លូវក្នុងបរិវេណផ្សារ
៣/ជួយសិក្សាគម្រោងបង្ហូរទឹកកខ្វក់ និងតម្រូវឲ្យម្ចាស់ផ្សាររៀបចំប្រព័ន្ធលូឲ្យបានត្រឹមត្រូវ
៤/ ផ្តល់ការអនុគ្រោះលេីកលែងថ្លៃចាក់សំរាម នៅទីលានរយៈពេល១ឆ្នាំ ដោយម្ចាស់ផ្សារត្រូវធានាមិនយកកម្រៃអនាម័យពីអ្នកលក់ដូរ។
ដូច្នេះអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយកនូវជម្រើសសមរម្យណាមួយ ដែលអាជ្ញាធរបានព្យាយាមសម្របសម្រួលជូន ហើយអាចមានជម្រើស ទៅលក់ដូរ នៅទីតាំងផ្សារដេីមគថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃក៏បាន ប៉ុន្ដែហាមដាច់ខាតមិនត្រូវលក់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡេីយ។

លោក ឃួង ស្រេង បានបន្តទៀតថា អ្វីដែលអាជ្ញាធររាជធានីភ្នំពេញចង់បាន គឺអាជីវករទាំងអស់ បញ្ឈប់ការលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ បង្កការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ ១៧លាននាក់។ ដើម្បីបង្កការងារស្រួលដល់អាជីវករ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ភ្លើងបំភ្លឺសាធារណៈថ្មី ចាប់ពីព្រំប្រទល់ខេត្តកណ្តាល រហូតមកដល់ក្នុងផ្សារតាម៉ាប់ព្រែកជ្រៃ ហើយបើកខឿនពុះចែកទ្រូវផ្លូវ២១៧ ឲ្យបានធំទូលាយ ហើយណែនាំឲ្យតាម៉ាប់ប្រធានផ្សារចាក់បេតុង ដាក់ថ្មម៉ិចក្នុងផ្សារ។
ប្រធានផ្សារតាម៉ាប់ព្រែកជ្រៃ បានបញ្ជាក់ថា ផ្សារមានផ្ទៃដីជាង១០ហិកតា ដែលអាចទទួលអាជីវករលក់ដូរបាន ដោយមានស្តង់អាជីវកម្មបន្លែ ផ្លែឈើ និងត្រីសាច់បរាប់ពាន់ស្តង់ ដែលអាចឲ្យអាជីវករលក់ដូរ ចំពោះបងប្អូនលក់ជាកញ្ច្រែង ល្អី ពួកគាត់ក៏អាចមកលក់បាន ដោយមិនត្រូវបង់ថ្លៃនោះទេ។ ចំណែកអាជីវករវិញ បានសម្តែងនូវក្តីរីករាយម និងកក់ក្តៅយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអភិបាលរាជធានី នៅពេលដែលពួកគេសម្រេចចិត្តមកលក់ដូរនៅផ្សារថ្មីនេះ៕


