10-មករា-2022 - ម៉ោង 08:45:PM
ព្រះវិហារ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណី ផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីនចំនួន ៣នាក់ និងរបួសធ្ងន់ចំនួន ២នាក់ ដែលជាបុគ្គលិកនៃអង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការ CSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប ។
ករណីគ្រោះថ្នាក់នេះ កើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាមួយនឹង ករណីនេះ ក៏មានព័ត៌មានមួយករណីទៀត ត្រូវបានគេរាយការណ៍មកថា ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកើតឡើងតែប្រមាណ ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ នៅពេលដែលគាត់កំពុងដុតសម្អាតដីដាំដំឡូង ៕