19-កក្តដា-2021 - ម៉ោង 09:47:PM
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំង ការពារកូវីដ១៩ បានចំនួន ៦លាននាក់ ស្មើនឹង ៦០% នៃប្រជាជន ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។
តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦លាននាក់ ស្មើនឹង ៦០ភាគរយ នៃប្រជាជន ១០លាននាក់ ដែលត្រូវចាក់។ លេខរៀងទី ៦លាន បានទៅលើ ប្អូនស្រី ផេង សឿន អាយុ ៦៧ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយ ថវិកា១០លានរៀល និងសម្ភារៈផ្សេងទៀត ដែលជាជំនួយរបស់ ខ្ញុំទៅប្រគល់ជូនដោយ ផ្ទាល់»៕