20-កញ្ជា-2022 - ម៉ោង 11:03:AM
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដោយសារមានព្រឹត្តិការណ៍ធំៗចំនួន ២ នេះ ក្រសួងព័ត៌មាន គម្រោងបន្តបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដល់មន្រ្តីជំនាញបច្ចេកទេស និងផ្នែកនានាជាច្រើនទៀត ទាក់ទងកិច្ចការងារព័ត៌មាន និងសោតទស្សន៍ ក្នុងនោះរួមមាន ទី១- ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនិងទី ២-ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ថា ព្រឹត្តិការណ៍ធំៗទាំង២នេះ គឺជាព្រឹត្តិការណ៍អន្តរជាតិប្រវត្តិសាស្រ្ត ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ដោយមានប្រមុខថ្នាក់ដឹកនាំក្នុងតំបន់ និងពិភពលោក អញ្ជើញចូលរួមជាច្រើនរូប ដូច្នេះក្រសួងព័ត៌មាន ត្រូវពង្រឹងសមត្ថភាព ដើម្បីបំពេញការងារឲ្យបានល្អ។
ការលើកលើកទ្បើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ទី៣ នៃខែកញ្ញា ឆ្នាំ២០២២ របស់ ក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីអនុវត្តរាល់ភារកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលល្អបន្ថែមទៀត។ កិច្ចប្រជុំ ក៏បានធ្វើការពិនិត្យការងារដែលអនុវត្តនាពេលកន្លងមក និងដាក់ចេញផែនការ ការងារព័ត៌មាន សម្រាប់ព្រឹត្តការណ៍អន្តរជាតិសំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ដូចជា ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ជាមួយការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង ៥ នៃក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់គ្រប់ផ្នែកពាក់ព័ន្ធ ពិសេស អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រៀមរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon លក្ខណៈអន្តរជាតិ គ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំការប្រកួត តាមរយៈកិច្ចសហការជាមួយទូរទស្សន៍ជប៉ុន NHK, ហេតុផលទាំងនេះហើយដែល ក្រសួងព័ត៌មាន ចាត់ក្រុមមន្ត្រីការងាររបស់ខ្លួនហ្វឹកហាត់ពង្រឹងជំនាញ ដើម្បីត្រៀមលក្ខណសម្បត្តិជាមុន៕