09-កញ្ជា-2025 - ម៉ោង 10:20:AM
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយ យ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។
អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សមិទ្ធផលប្រវត្ដិសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាមេរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើយ៕