26-កក្តដា-2025 - ម៉ោង 11:04:AM
ឧត្តរមានជ័យ៖តាមសេចក្ដីរាយការណ៍ពីតំបន់សមរភូមិមុខបានឲ្យដឹងថា គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ ស្ងប់ស្ងាត់ការផ្លោងគ្រាប់ដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។
បើតាមសេចក្ដីរាយការណ៍ដដែល កងទ័ពកម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ដដែល និងឈរជើងយ៉ាងរឹងមាំបំផុតពីការឈ្លានពានរបស់យោធាថៃ។ ទោះបីថៃបម្រុងប្ដូរយុទ្ធសាស្ដ្រវាយប្រហារកម្ពុជាបែបណាក៏ដោយ ក៏កងទ័ពដ៏អង់អាចរបស់កម្ពុជានៅតែអាចទប់ទល់បានគ្រប់ស្ថានការណ៍ទាំងអស់។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កមុ្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕