01-សីហា-2022 - ម៉ោង 03:29:PM
ភ្នំពេញ៖ ខេត្តព្រះសីហនុ នាឆ្នាំ២០២៣ខាងមុខនេះ នឹងមានរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយ ដោយគ្រោងបោះទុនវិនិយោគជាង៣០០ លានដុល្លារ ខណៈប្រទេសកម្ពុជាជាប្រទេសមានសុខសន្ដិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍឥតឈប់ឈរ។
ថ្លែងនៅក្នុងឱកាសអញ្ជើញដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សីន (តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ) និងថ្នាក់ដឹកនាំ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ លោក ឈិន ចៀន កាង បានលើកឡើងថា ក្នុងឆមាសទី០១ ឆ្នាំ២០២៣ខាងមុខនេះ ក្រុមហ៊ុនរបស់លោក នឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារ។
លោកប្រធានឈិន ចៀន កាង បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនសម្លឹងមើលឃើញ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿន ក៏ស្នូរនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័ស។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រំពឹងថា វត្តមានរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនៅខេត្តព្រះសីហុនមួយនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រជាកសិករខ្មែរដែលកំពុងតែដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិត កម្មបន្ថែមរបស់ក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ជាមួយនឹងកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយ ស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការ ពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះ បណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុន៕