21-មករា-2021 - ម៉ោង 07:50:AM
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២១នេះ លោក ជិន ប៊ុនធឿន ក្រុមការងារមនុស្សធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា នាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ៥លានរៀលទៅផ្តល់ជូនប្អូនប្រុសឈ្មោះ ធឿន សុផាន់ណា ដើម្បីជួយសម្រួលការលំបាក ខ្វះខាតក្នុងជីវភាពក្នុងអំឡុង ពេលសំរាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ក្នុងឱកាសនោះផងដែរ លោក ជិន ប៊ុនធឿន ក៏បាននាំដំណឹងផ្តាំផ្ញើ លោក និងលោកស្រី បានស្នើអោយក្រុមគ្រូពេទ្យជួយយកចិត្តទុកដាក់មើលថែទាំអ្នកជំងឺអោយឆាប់ជាសះស្បើយ ។
សូមបញ្ជាក់បងប្អូនដឹងថា ប្អូន ធឿន សុផាន់ណា ជាសិស្សរៀន បានត្រឹមថ្នាក់ទី ៦ប៉ុណ្ណោះ ហើយក៏បានចាប់អាជីពជាអ្នកប្រ ដាល់ ។ នៅពេលដែលគេអោយឡើងប្រកួត ទើបប្អូនអាចទទួលប្រាក់ចំណូលខ្លះដើម្បីផ្គត់ផ្គង់ជីវភាព ហើយប្អូនមានមុខរបរបន្ថែមមួយទៀត គឺជាអ្នកដឹកទំនិញអោយគេ ។
តែជាអកុសលនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ប្អូនប្រុសទទួលរងគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលកំពុងដឹកទំនិញអោយគេ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងមន្ទីរ ដោយអាការ:គ្រាំគ្រាខ្លាំង ប៉ះពាល់ក្បាល បាក់ក្តោងច្រមុះ និង ពិការភ្នែកខាងស្តាំម្ខាង ៕