28-ធ្នូ-2020 - ម៉ោង 10:38:AM
តាកែវ៖ ដោយមានការសម្រប់សម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០ នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបុរី សហការជាមួយប៉ុស្តិ៍រដ្ឋបាលពន្លៃ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ។
ក្នុងករណីបង្គ្រាបខាងលើសមត្ថកិច្ចឃាត់បានជនសង្ស័យ០១នាក់ ឈ្មោះ ម៉ុច សុភារិទ្ធ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចនៅភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ពាក់ព័ន្ធអំពើលួចម៉ូតូកង់បី(ផាស់អាប់) ពណ៌ស ម៉ាកLPG ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-0694 លេខតួ 15378 លេខម៉ាស៊ីន 47134 សរេរីឆ្នាំ២០១៨។
បញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយទទួលបានព័ត៌មានពីមូលដ្ឋានថា មានជនមិនស្គាល់អត្តសញ្ញាណបានជិះផាសអាប់ មកផ្ទះឈ្មោះ ហេង ណារី ភេទស្រី អាយុ២៦ឆ្នាំ ស្ថិតក្នុងភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី កម្លាំងជំនាញបានចុះធ្វើសាកសួរ ស្រាប់តែជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកផាស់អាប់មួយគ្រឿងនៅផ្ទះនារីខាងលើ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើខណៈបានលួចចូលមកមូលដ្ឋានឃុំពន្លៃម្តងទៀតបាន។
នេះបើតាមការចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឱ្យដឹងថា រូបខ្លួនបានលួចម៉ូតូកង់បី ខាងលើនៅចំណុចសំណង់១២ ស្ថិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានគេចមកស្នាក់នៅផ្ទះនារីខាងលើ ត្រូវជាគូរកំណាន់ចិត្តទើបត្រូវនគរបាលឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន កម្លាំងជំនាញកំពុង ធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕