20-វិច្ឆិកា-2021 - ម៉ោង 08:23:PM
តាកែវ៖ បន្ទាប់ពីមន្រ្តីចំណុះរដ្ឋបាលក្រុងដូនកែវ ចាប់បានសកម្មភាពពលរដ្ឋ លួចដឹកសំរាមយកមកបោះចោលនៅទីសាធារណៈ នៅម្ដុំផ្លូវចូលវត្តឈើទាល ស្ថិតនៅភូមិថ្នល់បែក សង្កាត់ រកាក្រៅ ក្រុងដូនកែវ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន នៅរសៀលនេះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឱ្យ ដឹងថា កន្លងមករដ្ឋបាលក្រុង តែងតែបានធ្វើការផ្សព្វផ្សាយពីការងារ និង វិធានការអនាម័យបរិស្ថាន តាម រយៈការចែកខិត្តប័ណ្ណ កម្មវិធីសម្អាតអនាម័យបរិស្ថានរៀងរាល់ខែ ព្រមទាំងធ្លាប់បានឃាត់មុខសញ្ញា យកសំរាមមកបោះចោលនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើការផាកពិន័យ ណែនាំ និងធ្វើកិច្ច សន្យា បានជាច្រើនករណីកន្លងមកហើយដែរ។
លោកអភិបាលក្រុងដូនកែវ បានបន្តថា អាជ្ញាធរក្រុង នឹងបន្តពង្រឹងការអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជន ណាដែលបានបោះចោលសំរាមពាលវាលពាសកាល នៅតាមទីសាធារណៈ ដើម្បីទីក្រុងស្អាតគ្មានសំរាម ក្នុងនាមរដ្ឋបាលក្រុង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ជាបន្ទាន់ការបោះចោលសំរាម ពាសវាលពាសកាល ឬយកសំរាម កាកសំណាលពីផ្ទះ មកបោះចោលនៅតាមទីធារណៈ ប្រសិនមិន ដូច្នោះទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងបុគ្គលណាម្នាក់ឡើយ ៕