03-មករា-2022 - ម៉ោង 09:50:PM
Reuters៖ មនុស្សយ៉ាងហោចណាស់ ២២ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតទាបមួយ វាយប្រហារនៅភាគនិរតីនៃប្រទេសចិន ហើយបានសាយភាយទៅដល់ទីក្រុងទេសចរណ៍ដ៏ពេញនិយម Lijiang ផងដែរ។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះវាយប្រហារ កាលពីថ្ងៃអាទិត្យ នៅតាមព្រំដែនរវាងខេត្តយូណាន និងខេត្តស៊ីឈួន ហើយមានកម្រិត ៥.៤ វ៉ិចទ័រ និងមានជម្រៅនៅចម្ងាយ ៣៨ គីឡូម៉ែត្រ (២៤ ម៉ាយ) ។
ដោយឡែក មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន បានវាស់ស្ទង់ឃើញថា គ្រោះរញ្ជួយដីនេះមានកម្រិត ៥.៥ វ៉ិចទ័រ ជាមួយនឹងជម្រៅ ១០ គីឡូម៉ែត្រ (៦.២ ម៉ាយ) ។ ទន្ទឹមនោះ USGS ក៏បានបញ្ជាក់ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានចម្ងាយ ១១៥ គីឡូម៉ែត្រ (៧១.៥ ម៉ាយ) ពីខេត្ត Lijiang និងខេត្ត Yunnan ។ ការិយាល័យរញ្ជួយដីខេត្តយូណាន បានឲ្យដឹងថា មនុស្ស ២២ នាក់បានរងរបួស ខណដែលមនុស្សចំនួន ២ នាក់រងរបួសធ្ងន់ផងដែរ។
គួរបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍បញ្ជាក់អំពីការខូចខាតផ្ទះសម្បែង ឬអ្វីនៅឡើយនោះទេ៕