25-ឧសភា-2023 - ម៉ោង 11:37:AM
កណ្តាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឲ្យសមត្ថកិច្ច ពិសេសនគរបាលរាចរណ៍ត្រូវខិតខំប្រឹងប្រែង ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវតែផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងហេតុការណ៍ដែលកើតឡើង។
ការគូសបញ្ជាក់បែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងកិច្ចសម្ភាសខ្លីមួយជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រារព្ធពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ក្រោយការចោទសួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរ ណ៍ដែលបានកើតឡើងកាលពីពេលកន្លងទៅ បណ្ដាលឲ្យមានទារកម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរបួសធ្ងន់ ខណៈអ្នកបង្កស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ហើយមកទល់ពេលនេះ អ្នកបង្កមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ហេតុការណ៍ដែលកើតឡើងនៅកន្លែងមួយ សមត្ថកិច្ចនៅកន្លែងនោះ ត្រូវខិតខំប្រឹងប្រែងដោះស្រាយផ្ដល់យុត្តិធម៌ឲ្យអ្នករងគ្រោះ»។ បើតាមការគូសបញ្ជាក់របស់សម្ដេចក្រឡាហោម ក្នុងករណីបង្កឲ្យអ្នកដទៃស្លាប់ និងរបួស ហើយរត់គេចខ្លួន ជនបង្កគឺច្បាស់ជាទទួលទោសធ្ងន់៕