01-កញ្ជា-2021 - ម៉ោង 09:30:PM
បរទេស៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី ១ ខែ កញ្ញានេះ អង្គការសុខភាពពិភពលោក (World Health Organization) បានធ្វើការត្រួតពិនិត្យនូវមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានឈ្មោះថា “Mu”។ “Mu”គឺជាមេរោគបំប្លែងខ្លួនដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ីកាលពីដំឡុងខែមករាកន្លងមក ហើយបើតាមក្រុមអ្នកវិទ្យាសាស្រ្តបានហៅមេរោគប្រភេទនេះថា B.1.621។
នាពេលកន្លងមកក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកធ្លាប់បានរកឃើញថា “Mu” គឺជាប្រភេទមេរោគម្យ៉ាងដែលបានបំប្លែងខ្លួនឲ្យស្របទៅនឹងវ៉ាក់សាំង ឬប្រព័ន្ធការពាររាងកាយដែលមាននៅក្នុងខ្លួនមនុស្សបាន ហើយវាក៏ត្រូវបានគេចាត់ទុកជាប្រភេទមេរោគដែលមានគ្រោះថ្នាក់ខ្ពស់ផងដែរ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះមេរោគ “Mu” ហាក់មិនទាន់មានការរាតត្បាតនិងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ពិភពលោកនៅឡើយទេ ហើយចំពោះហេតុផលដែលក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកសម្រេចបើកការត្រួតពិនិត្យអំពីមេរោគ “Mu” នៅពេលនេះ គឺព្រោះគេចង់ដឹងពីការវិវឌ្ឍន៍ចុងក្រោយបំផុតរបស់មេរោគ។
គួរម្លឹកផងដែរថា នាពេលកន្លងមកមេរោគ “Mu” ត្រូវបានជឿថាបានធ្វើដំណើរទៅដល់តំបន់អាហ្រ្វិកនិងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបរួចទៅហើយ៕
ប្រភព៖ បាកកប៉ុស្ដិ៍