02-សីហា-2022 - ម៉ោង 02:22:PM
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយនិងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករកយើង ។
យោងតាមទំព័រហ្វេសបុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២នេះ បានសរសេរយ៉ាងដូច្នោះថា
ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។ ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឱយវេទិការមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេតែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។
ពីប្រទេសដែលខ្វះស្រូវប្រម៉ាន១លានតោននាទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ពេលនេះយើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀតមានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱយយើងដោះស្រាយបានតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ។ វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេដែលមាននៅខេត្តកណ្តាលកំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់កំពង់ធំ។ កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរក្នុងវេទិការតាមភ្លឺស្រែនេះ។ ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយនិងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករកយើង៕