28-កក្តដា-2022 - ម៉ោង 03:10:PM
តាកែវ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសលោកមេឃុំដែលទើបប្រកាសចូលបេក្ខភាពក្រុមប្រឹក្សាឃុំ សូមខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរទ្វេឡើងថែមទៀត ពោលគឺបម្រើឱ្យដូចជាគ្រួសារតែមួយ។
ថ្លែងនៅចំពោះមុខលោកតាលោកយាយ និងព្រះសង្ឃក្នុងឱកាសនាំយកទៀន ចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំវស្សាចំនួន ០៤វត្ត ក្នុងឃុំអង្គតាសោម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំត្រូវបន្តការងាររបស់ខ្លួនដោយបន្តអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ហើយត្រូវតែឧស្សាហ៍ចុះទៅសាកសួរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋឱ្យដល់ខ្នងផ្ទះដើម្បីបានដឹងសុខទុក្ខ ក៏ដូចជាបញ្ហារបស់ពួកគាត់ ហើយរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ។
លោកអភិបាលខេត្ត បន្ថែមទៀតថា ការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ គឺត្រូវបម្រើដោយការទទួលខុសត្រូវ និងយកបេះដូងមកបម្រើផង ពោលគឺចាត់ទុកប្រជាពលរដ្ឋជាធំជាមនុស្សនៅក្នុងក្រុមគ្រួសារយើងតែមួយ ត្រូវដឹងសុខទុក្ខធុរៈនិងធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តមកលើអាជ្ញាធរ ។
បន្ថែមពីនេះដែរ លោកអភិបាលខេត្ត ក៏បានជម្រុញ ណែនាំ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីជារនាំងការពារពីការឆ្លងជំងឺកូវីដ១៩ កុំឱ្យកើតមានឡើងបន្តទៀតនៅក្នុងសហគមន៍របស់យើង ជាពិសេសត្រូវបន្តការអនុវត្តវិធានការសុខាភិបាល និងតាមការណែនានារបស់អាជ្ញាធរមូលដ្ឋាន ។
សម្ភារៈដែល លោក អ៊ូច ភា អភិបាលខេត្តតាកែវ នាំយកមកនាពេលនោះរួមមាន៖ ទៀនព្រះវស្សា ០១គូរ, អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធ ០៣កេស, ទឹកក្រូច ០៤កេស, ទឹកផ្លែឈើ ០២កេស, មី ០២កេស និងបច្ច័យចំនួន ០៤វត្ត ក្នុងមួយវត្ត ៥០ម៉ឺនរៀល និងប្រគេន ព្រះសង្ឃ ០៤អង្គ ក្នុងមួយអង្គ ១០ម៉ឺនរៀលផងដែរ៕